សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើរាជរដ្ឋាភិបាលពិតជាមិនបានជួយអ្វីដល់កងទ័ពជួរមុខ ដូចមតិខ្លះលើកឡើងមែនដែរឬទេ?
ឆ្លើយតបទៅនឹងមន្ទិលរបស់បុគ្គលមួយចំនួនចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិថាមិនបានយកចិត្តទុកដាក់ជួយដល់កងទ័ពជួរមុខ ដោយឃើញតែសកម្មភាពជួយរបស់សប្បុរសជន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធជានិច្ច គ្រាន់តែក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈប៉ុណ្ណោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានានិងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ»។
សម្តេចធិបតី លើកឡើងថា «បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។ ជាមួយគ្នានេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន»។