ការធ្វើជំរឿនមន្ត្រីតាមគោលដៅនីមួយៗ នឹងប្រព្រឹត្តទៅជា ៣ដំណាក់កាល
ក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសនៃគណៈកម្មការ បានបញ្ជាក់ជូនអង្គប្រជុំថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនីមួយៗ នឹងត្រូវប្រព្រឹត្តទៅជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺដំណាក់កាលមុនថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រី ដំណាក់កាលទី២ ជាដំណាក់កាលថ្ងៃចុះធ្វើប្រតិបត្តិការជំរឿនមន្ត្រីតាមគោលដៅ និងដំណាក់កាលទី៣ គឺដំណាក់កាលក្រោយថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រី។
តាមរយៈរបាយការណ៍របស់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បានឱ្យដឹងថា មុនថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងតាមគោលដៅនីមួយៗ គណៈកម្មការជំរឿនមន្ត្រី និងក្រសួង ស្ថាប័នសាមីនីមួយៗ នឹងត្រូវសហការជាមួយគ្នា ដើម្បីបំពេញព័ត៌មាន និងផ្ទៀងផ្ទាត់ព័ត៌មានមន្ត្រី តាមរយៈថ្នាលឌីជីថលជាមុនសិន។ ការបំពេញព័ត៌មាននេះ ជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធផង និងបច្ចុប្បន្នភាពមន្ត្រីនៅក្នុងរចនាសម្ព័ន្ធនីមួយៗផង។
ក្រោយពេលបំពេញ ផ្ទៀងផ្ទាត់ព័ត៌មាន និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ហើយសម្រេចបាននូវបញ្ជីឈ្មោះស្របតាមរចនាសម្ព័ន្ធរួចហើយ គណៈកម្មការជំរឿនមន្ត្រីនឹងកំណត់ថ្ងៃចុះធ្វើប្រតិបត្តិការជាក់ស្តែង តាមគោលដៅជាបន្តបន្ទាប់ ដោយត្រូវជូនដំណឹងជាមុន។ ការចុះនេះ គណៈកម្មការនឹងធ្វើបច្ចុប្បន្នភាពជីវមាត្រមន្ត្រីម្តងម្នាក់ៗ រួមមាន៖ ការផ្ទៀងផ្ទាត់វត្តមានជាក់ស្តែង, ការស្កេនខ្ចៅដៃ, ថតរូបមន្ត្រី និងស្តេនអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែររបស់មន្ត្រី។ ដូច្នេះ មន្ត្រីដែលត្រូវធ្វើជំរឿន ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ជាចាំបាច់។ ក្នុងករណីដែលមិនមានអត្តសញ្ញាណប័ណ្ណ មន្ត្រីអាចភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែន ឬប័ណ្ណសម្គាល់មន្ត្រីដែលចេញដោយក្រសួងស្ថាប័ន ដែលមានបិតរូបថត។
ក្រោយបានធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែង គណៈកម្មការជំរឿនមន្ត្រី នឹងរៀបចំជារបាយការណ៍ និងកត់ត្រាស្ថានភាពនានាដែលបានជួបប្រទះ ក្នុងគោលដៅចងក្រងទិន្នន័យមួយដែលច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕