Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើការចរចានានាជាមួយភាគីថៃក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌកាត់ឬដោះដូរដីដែរឬទេ?

ដោយ៖លី ធារិទ្ធ | ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ការពិតពីកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើការចរចានានាជាមួយភាគីថៃក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌកាត់ឬដោះដូរដីដែរឬទេ? សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើការចរចានានាជាមួយភាគីថៃក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌកាត់ឬដោះដូរដីដែរឬទេ?

តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយនឹងសំណួរដែលសួរថា តើការចរចានានាក្នុងពេលកន្លងមក មានភ្ជាប់ជាមួយលក្ខខណ្ឌកាត់ដោះដូរដីឬទេ? សម្តេចធិបតិ​ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ចម្លើយខ្លី គឺគ្មានទេ”។

ក្នុងនោះសម្តេចធិបតី អះអាងថា ការចរចាបទឈប់បាញ់ថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយតែពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចាទ្វេភាគីកន្លងមក ដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចាសម្ងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។

សម្ដេចធិបតីបានបន្តថា ចំពោះកិច្ចការចរចាព្រំដែន កម្ពុជា នៅតែប្រកាន់យកជំហរ នៃការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែន ដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ការចេញមកបកស្រាយជូនសាធារណៈជនខាងលើនេះ ធ្វើឡើងក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា មួយរយៈនេះមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផងដែរ៕

អត្ថបទទាក់ទង