សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីចរចាបទឈប់បាញ់ គ្មានការបញ្ជាឱ្យកងទ័ពជួរមុខនៃភាគីទាំងពីរដកទ័ពថយនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើការបកស្រាយដោយខ្លីថា «គ្មានការបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់ ពាក់ព័ន្ធបញ្ហាព្រំដែន»។
តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកយកចម្ងល់៤ចំណុច មកបកស្រាយជូនសាធារណៈជន ក្រោយពីសម្តេច មើលឃើញថា មួយរយៈនេះមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផង។
ក្នុងនោះសម្តេចធិបតី ក៏បានធ្វើការបកស្រាយ ចម្ងល់ដែលលើកឡើងថា «តើរាជរដ្ឋាភិបាលបានបញ្ជាអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចារបទឈប់បាញ់?» ដោយសម្តេចធិបតី បានបញ្ជាក់ថា «ចម្លើយខ្លី គឺគ្មានទេ»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំង ក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌឲ្យកងទ័ពភាគីណា ដកថយពីទីតាំងឈរជើងរបស់ពួកគេនោះឡើយ៕